គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុនខនហ្វីរេលក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម

កាលបរិច្ឆេទ: ០៩ កក្កដា ២០២៦ / កសិកម្ម / Author : ATH Sokren

ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ បានទាក់ទាញអ្នកចូលរួមប្រមាណ ៤៥០ នាក់មកពីស្ថាប័នរដ្ឋាភិបាល អង្គការដៃគូ ពិសេសម្ចាស់អាជីវករក្នុងវិស័យ MSMEs ប្រមាណ ៣០០ សហគ្រាស និងសិប្បកម្ម ដែលក្នុងនោះ ក្រុមហ៊ុនខនហ្វីរេលផងដែរ។  ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យ និងនវានុវត្តន៍បានគូសបញ្ជាក់ថា ការជួយគាំទ្រ MSMEs ឱ្យចូលទៅកាន់ទីផ្សារ មិនមែនសំដៅត្រឹមតែការបង្កើនផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងគុណភាព ផលិតភាព និងអនុលោមភាព ដោយចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកសាងទំនុកចិត្តពីអ្នកប្រើប្រាស់ និងដៃគូអាជីវកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ «ការផលិតបានមិនទាន់មានន័យថាអាចលក់បានទេ។ ការមានផលិតផលល្អ ក៏មិនទាន់មានន័យថាអាចប្រកួតប្រជែងឈ្នះគេដែរ។ ដើម្បីចូលទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងសកល សហគ្រាសត្រូវបំពេញស្តង់ដារ ធានាគុណភាព បង្កើនផលិតភាព និងកសាងភាពជឿទុកចិត្តនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់»

កញ្ញា ជា រីកា ទទួលបន្ទុកផ្នែកម៉ាកាធីងនៃក្រុមហ៊ុនខនហ្វីរេលបាននិយាយថា គ្រប់ផលិតផលរបស់ខនហ្វីរេលសុទ្ធតែបានបញ្ជាក់ពីស្តង់ដារគុណភាពយ៉ាងត្រឹមត្រូវដោយមានការទទួលស្គាល់រួចហើយទាំងថ្នាក់ជាតិ និងអន្តរជាតិ ដូចជា Kirum Kampot Pepper, Thnot Palm Sugar, Herbal Tea និងផលិតផលស្នាដៃខ្មែរខនហ្វីរេលជាច្រើនផ្សេងទៀត។

កញ្ញាបានបញ្ជាក់បន្ថែមថា៖ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យក្រុមហ៊ុនក្នុងស្រុកទាំងអស់ចូលរួមផ្សព្វផ្សាយផលិតផលខ្មែរដែលមានគុណភាព និងអត្តសញ្ញាណពិតប្រាកដ។ បង្កើនការផ្សព្វផ្សាយអំម៉ាក (Brand Awareness) និងពង្រីកឱកាសអាជីវកម្មជាមួយអតិថិជន និងដៃគូថ្មីៗ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ»

យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ ប្រទេសកម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ មូលដ្ឋាន ក្នុងនោះសហគ្រាសធុនតូច និងមធ្យមមានចំនួនជាង ៦០.៥០០ មូលដ្ឋាន។ វិស័យនេះផ្តល់ការងារដល់ប្រជាពលរដ្ឋជិត ៣លាននាក់ រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០% នៃការងារក្រៅវិស័យកសិកម្ម ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់ MSMEs ក្នុងសេដ្ឋកិច្ចជាតិ៕